​​​​​​​​

About Faculty

១. ចក្ខុវិស័យ

មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបាននឹងកំពុងជំនះ និងខ្នះខ្នែងអភិវឌ្ឍន៍ខ្លួ​នឱ្យថ្នាលបណ្តុះបណ្តាល ឈាន​មុខក្នុងប្រទេសនិង ឱ្យស្របទៅតាមនិន្នាការសកល​​លោក និងតំបន់លើការងារអប់រំ និងការស្រាវជ្រាវកសិកម្មប្រកបដោយគុណភាព ខ្ពស់ដើម្បីរួមចំណែកលើកស្ទួយសមត្ថភាពធនធានមនុស្ស ដែលនឹងក្លាយជាកម្លាំងស្នូលក្នុងការកសាង និងអភិវឌ្ឃន៍ប្រទេសជាតិ

២. បេសសកម្ម

មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម ផ្តល់អាទិភាព​ និងផ្តោតសំខាន់លើការអប់រំ និងការងារស្រាវជ្រាវ គ្រប់ជំនាញកសិកម្ម ជាពិសេសលើជំនាញក្សេតសាស្រ្ត ។ ដើម្បីឈានឆ្ពោះទៅរកភាពប្រសើរឡើងក្នុងការអប់រំ ​ការស្រាវជ្រាវ និងសេវាសាធារណៈ មហាវិទ្យាល័យ មានការប្តេជ្ញា និងតាំងចិត្តខ្ពស់ ដើម្បីធានាឱ្យបាននូវភាពជោគជ័យទាំងស្រុងក្នុងការរួមចំណែកលើឧស្សាហភាវូបនីយកម្ម និងទំនើបកម្មក្នុងវិស័យកសិកម្ម ដើម្បីឈានទៅដល់ ការអភិវឌ្ឍន៍ ជនបទ នៅប្រទេសកម្ពុជា។

ដើម្បីក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យកសិកម្ម,​មហាវិទ្យាល័យមានទិសដៅជាយុទ្ធសាស្រ្តគឺធានាឱ្យបាននូវការអភិវឌ្ឍធនធានមនុស្ស ដែលប្រកប ដោយ សមត្ថភាពជំនាញ និងសីលធម៌ខ្ពស់ ក៏ដូចជាលើកកម្ពស់ផលិតភាព និងប្រសិទ្ធិភាពកសិកម្ម ដោយធ្វើយ៉ាងណាប្រើប្រាស់កត្តាធម្មជាតិ និងធនធានកសិកម្ម ឱ្យបានជាប្រយោជន៍ដល់សេដ្ឋកិច្ច សង្គម រូបសាស្រ្ត និងជីវសាស្រ្តអេកូឡូស៊ី នៃប្រជាជាតិកម្ពុជា តាមរយៈការប្រើប្រាស់ប្រព័ន្ធ និងវិធីសាស្រ្តទាំងឡាយណា ដែលនឹងផ្តល់ឱ្យនូវចិរភាព មានប្រយោជន៍ និងទទួលយកបានដោយលក្ខខណ្ឌសង្គម និងបរិស្ថាន ។

៣. ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍មហាវិទ្យាល័យ

ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម គឺធ្វើយ៉ាងណាកសាងសមត្ថភាពធនធាន របស់មហាវិទ្យាល័យ ឱ្យប្រែក្លាយទៅជាមហាវិទ្យាល័យពហុជំនាញ លើជំនាញកសិកម្ម ក្នុងការសិក្សាស្រាវជ្រាវ ដោយឈរលើសសរស្តម្ភទាំង ៣ ដូចខាងក្រោម

  • ការងារអប់រំ និង ការបណ្តុះបណ្តាល ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាពជំនាញ និងសីលធម៌ខ្ពស់ តាមរយៈការបង្កើតកម្មវិធីសិក្សារឱ្យស្របនឹងស្តង់ដារតំបន់និងអន្តរជាតិ ដែលប្រការនេះដើម្បីបំពេញតម្រូវការ នៃការអភិវឌ្ឍសង្គមជនបទ និងកាលានុវត្តភាពទីផ្សារការងារ។
  •  ការងារស្រាវជ្រាវ និងការអភិវឌ្ឍ ដើម្បីបង្កើតនូវបច្ចេកទេស បច្ចេកវិទ្យាថ្មីៗ និងទំនើបកម្មក្នុងវិស័យកសិកម្មប្រកបដោយ នវានុវត្តន៌តាមលក្ខណៈវិទ្យាសាស្រ្ត ដែលអាចទទួលយកបានដោយលក្ខខណ្ឌសង្គម និងបរិស្ថាន
  • ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាតិនិងអន្តរជាតិ៖ ដើម្បីកៀងគរធនធានពីដៃគូអភិវឌ្ឍន៌នានា ជួយដល់ការកសាងសមត្ថភាពអប់រំ, ការផ្ទេរ និងចែកចាយបច្ចេកទេសនិងរបបគំហើញថ្មីៗ ។ ក្នុងន័យនេះ មហាវិទ្យាល័យបាននឹងកំពុងជម្រុញការទំនាក់ទំនងជាមួយស្ថាប័នស្រាវជ្រាវ និងស្ថានប័នអប់រំទាំងក្នុង និង ក្រៅតំបន់ តាមរយៈគម្រោងស្រាវជា្រវ ក៏ដូចជាគំរោងអភិវឌ្ឍន៌និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។ បន្ថែមលើសនេះ មហាវិទ្យាល័យបាននឹងជម្រុញ លើកទឹកចិត្ត​ដល់និស្សិត និងបុគ្គលិក ឱ្យមានភាពក្លាហានក្នុងការកសាង និងពង្រឹងសមត្ថភាព ជំនាញ​ និងចំណេះដឹង តាមរយៈកម្មវិធីផ្លាស់ប្តូរនិស្សិត បុគ្គលិក ការចូលរួមក្នុងសន្និសិទជាតិ និង អន្តរជាតិ និងការដាក់អាហារូបករណ៍ក្នុងវគ្គបណ្តុះបណ្តាលខ្លី និង វែងជាដើម ។

៣. ១ ការងារអប់រំ និង ការបណ្តុះបណ្តាល

ការលើកកម្ពស់ និងបង្កើនគុណភាពអប់រំ និងបណ្តុះបណ្តាលជាគោលការណ៍ចម្បង និងយូរអង្វែងរបស់មហាវិទ្យាល័យដោយធ្វើយ៉ាង ណាធានាឱ្យបាននូវធនធានមនុស្ស ប្រកបដោយវិជ្ជាជីវៈ សមត្ថភាពជំនាញ និងសីលធម៌ខ្ពស់ ។ ដើម្បីរួមចំណែកក្នុងការកសាងសមត្ថភាព ធនធានមនុស្ស មហាវិទ្យាល័យមានទិសដៅ បង្កើតការអប់រំថ្នាក់ជំនាញកសិកម្ម (បរិញ្ញាបត្ររងកសិកម្ម) ថ្នាក់ឧត្តម (សិក្សាជាភាសាជាតិ និងអន្តរជាតិ) និងថ្នាក់ក្រោយឧត្តម (បរិញ្ញាជាន់ខ្ពស់ និងបណ្ឌិត)​ ។ ដើម្បីគាំទ្រឱ្យសំរេចបាននូវទិសដៅទាំងនេះ មហាវិទ្យាល័យមានធនធានសាស្រ្តាចារ្យ និង គ្រូបង្រៀនដែលមានសមត្ថភាពប្រកបដោយវិជ្ជាជីវៈគ្រប់គ្រាន់ បន្ថែមជាងនេះទៅទៀត មហាវិទ្យាល័យមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគ្រប់គ្រាន់ រួមមានមន្ទីរពិសោធន៌ សម្ភារបរិក្ខា និង ស្ថានីយ៍ពិសោធន៌ ។ល។ ដើម្បីបំរើការងារសិក្សាស្រាវជ្រាវរបស់និស្សិត។ តាមរយៈកម្មវិធីសិក្សាថ្នាក់ទាំងនេះ មហាវិទ្យាល័យ នឹងធានាបាននូវធនធានមនុស្ស គ្រប់គ្រាន់ក្នុងការកសាង និងអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ។

បន្ថែមលើសពីនេះ មហាវិទ្យាល័យក៏នឹងគិតគូរបង្កើតនូវដេប៉ាតឺម៉ង់ជំនាញបន្ថែមលើរចនាសម្ព័ន្ធអប់រំដែលមានស្រាប់នៅក្នុងមហាវិទ្យាល័យ ដើម្បីឱ្យនិស្សិតដែលបញ្ចប់ការសិក្សាមានជំនាញ និងចំណេះដឹងជាក់លាក់ និង ពិតប្រាកដ ស្របតាមត្រូវការទីផ្សារការងារ និងសង្គមបច្ចុប្បន្ន ដែលរួមមាន៖

  • ដេប៉ាតឺម៉ង់វិទ្យាសាស្រ្តដី
  • ដេប៉ាតឺម៉ង់ការពារដំណាំ
  • ដេប៉ាតឺម៉ង់ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្ម
  • ដេប៉ាតឺម៉ង់ប្រព័ន្ធផលិតកម្មដំណាំ និងការគ្រប់គ្រង

ក្នុងទិសដៅរយៈពេលវែង​ មហាវិទ្យាល័យក៏នឹងកែលម្អកម្មវិធីអប់រំដល់និស្សិត ដែលជាកម្លាំងចលករមួយ​បង្កើនគុណភាព សមត្ថភាព ជំនាញ​ ចំណេះដឹង ឲ្យស្របតាមនិយាមស្តង់ដាតំបន់ និងអន្តរជាតិ ពិសេសក្នុងឆ្នាំ ២០១៦ - ២០២០ ។  មហាវិទ្យាល័យបានដាក់ចេញនូវសកម្មភាពមួយចំនួន ដើម្បីលើកកម្ពស់​ការអប់រំ និង បណ្តុះបណ្តាល ដែលមានរាយដូចខាងក្រោម៖

  • ប្រើប្រាស់ការវាយតម្លៃលើតម្រូវការ រចនាសម្ព័ន្ធវិជ្ជាជីវៈ គុណភាពអប់រំ មាតិកា និងវិធី​សាស្រ្ត​បង្រៀន (ការវាយតម្លៃរបស់និស្សិតលើការសិក្សាអប់រំ)
  • សម្របសម្រួលក្នុងការបង្កើត និងរៀបចំនូវកម្មវិធីសិក្សាមួយឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម និង​ទីផ្សារ​ការងារបច្ចុប្បន្ន នឹងទៅអនាគត ដែលអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់
  • បង្កើត និងបង្កើននូវរចនាសម្ព័ន្ធ សម្ភារ បរិក្ខា ថ្មីៗ ទំនើបៗបន្ថែមទៀត និងបណ្តាញព័ត៌មាន​ពាក់ព័ន្ធ​ដើម្បីជា​ប្រយោជន៍ដល់តម្រូវការសិក្សាអប់រំ (តាមរយៈការបង្កើតគម្រោង និងស្វែងរក​ជំនួយ​ពី​ដែគូ​ពាក់ព័ន្ធ និងរាជរដ្ឋាភិបាល)
  • កែលម្អបច្ចេកទេសបង្រៀនក្នុងការបង្ហាត់ ដើម្បីបង្កើន និងលើកទឹកចិត្តដល់ការសិក្សាជាក្រុម និង​ដោយ​ខ្លួនឯងរបស់និស្សិត
  • កែលម្អនូវប្រព័ន្ធវាយតម្លៃលើការប្រព្រឹត្ត និងសកម្មភាព​ សិក្សារៀនសូត្ររបស់និស្សិត ក៏ដូចជា​សាស្រ្តាចារ្យ និងគ្រូបង្រៀនក្នុងការងារអប់រំ
  • បន្តលើកទឹកចិត្តសាស្រ្តាចារ្យ និង គ្រូបង្រៀន ឱ្យ ពង្រឹងសមត្ថភាពបច្ចេកទេសតាមរយះការស្រាវជ្រាវ ចូលរួមក្នុងអង្គសិក្ខាសិលា វគ្គបណ្តុះបណ្តាលខ្លី និង វែងនានាទាំងក្នុង និង ក្រៅប្រទេស ដើម្បីជាធាតុចូលក្នុងការកែលម្អរវិធីសាស្រ្តបង្រៀន និងមាតិកាកាន់តែប្រសើរថែមទៀត ស្របតាមនិយាមជាតិ និង អន្តរជាតិ
  • បន្តការប្រើប្រាស់ប្រព័ន្ធក្រេឌីត ក្នុងការងារអប់រំសម្រាប់ថ្នាក់សិក្សាគ្រប់កម្រិត​ ដែលបង្កភាពងាយស្រួលដល់បំលាស់ប្តូរនិស្សិត និង ការបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានានាជាពិសេសគ្រឹះស្ថានឧត្តមសិក្សារអន្តរជាតិ
  • ជម្រុញកិច្ចសហប្រតិបត្តិការជាតិ ពិសេសអន្តរជាតិក្នុងការផ្លាស់ប្តូរនិស្សិត និងកម្មសិក្សាពាក់ព័ន្ធ​នឹងកម្មវិធីអប់រំ
  • ជម្រុញការចុះកម្មសិក្សាររបស់និស្សិតទៅតាមតំបន់ផ្សេងៗក្នុងប្រទេស ដើម្បីសិក្សាស្វែងយល់ពីបច្ចុប្បន្នភាពនៃស្ថានភាព និង ស្វែងយល់ពីបញ្ហានានា ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការងារស្រាវជ្រាវ ក៏ដូចជាដើម្បីផ្សារភ្ជាប់ទ្រឹស្តីដែលសិក្សារនៅថ្នាក់ ទៅនឹងស្ថានភាពជាក់ស្តែង

 

បើទោះបីជាមហាវិទ្យាល័យផ្តល់អាទិភាពចម្បងលើការងារអប់រំ តែក៏នឹងមិនភ្លេចដែរនូវការងារស្រាវជ្រាវ និងការអភិវឌ្ឍ រួមទាំងសេវាសាធារណៈ និងសកម្មភាពសង្គមដទៃទៀតដែរ ។ ទិសដៅជាយុទ្ធសាស្រ្ត​​សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍ គឺចាំបាច់ត្រូវស្របតាមតម្រូវការគុណភាពអប់រំ ទំនើបកម្មកសិកម្ម និងជនបទ និងទទួលស្គាល់​ដោយ​គ្រប់ស្ថាប័នក្នុងតំបន់ ជាពិសេសដែលអាចទទួលយកបានដោយលក្ខខណ្ឌសង្គម និងបរិស្ថាន ។ មហាវិទ្យាល័យគ្រោងនឹងអភិវឌ្ឍន៍​ខ្លួន​ដោយការបង្កើតនូវមជ្ឈមណ្ឌល​ស្រាវជ្រាវថ្មីៗចំណុះឱ្យមហាវិទ្យាល័យដែលឈានមុខ​លើ​ការងារស្រាវជ្រាវ និងការអភិវឌ្ឍ ដោយផ្តោតសំខាន់លើ​ការធ្វើឱ្យ ប្រសើរឡើងនូវផលិតកម្ម​ដំណាំ ដើម្បីឈានដល់ការអភិវឌ្ឍសង្គមជនបទ ។

ផែនការមួយចំនួនត្រូវបានដាក់ចេញដើម្បីសម្រេចបាននូវគោលដៅនេះ ដែលប្រការទាំងនោះរួមមាន៖

  • រៀបចំ និងបង្កើតនូវផែនការច្បាស់លាស់ក្នុងការស្រាវជ្រាវ​ សម្រាប់គ្រប់ជំនាញដែលមាន​​នៅក្នុង​មហា​វិទ្យាល័យ រួមបញ្ចូលទាំង​ជីវបច្ចេកទេស និងពហុជំនាញ ដែលជាគន្លឹះក្នុងឆ្លើយ​តបទៅនឹង​បញ្ហា​នៃ​ការស្រាវជ្រាវ ក៏ដូចជាផ្សារភ្ជាប់ទៅនឹងកម្មវិធីសិក្សាអប់រំ ព្រមទាំងស្របទៅនឹងផែនការ​យុទ្ធ​សាស្រ្ត​​​របស់​​​​រាជរដ្ឋាភិបាល តម្រូវការសាធារណៈ និងវិស័យឯកជន
  • ជម្រុញកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ក្នុងទិសដៅពង្រឹងសមត្ថភាព គុណភាពស្រាវជ្រាវ និងការផ្សព្វផ្សាយបច្ចេកទេសថ្មីៗ
  • ផ្តល់ឱកាស និងលើកទឹកចិត្តឱ្យបុគ្គលិក​ សាស្រ្តាចារ្យ និងនិស្សិត ចូលរួម និងបង្កើននូវ​ផែនការស្រាវជ្រាវ គម្រោងនានា លើវិល័យកសិកម្ម និងវិស័យពាក់ព័ន្ធដទៃទៀត
  • ជម្រុញ និង លើកទឹកចិត្តដល់សាស្រ្តាចារ្យ គ្រូបង្រៀន បុគ្គលិក ក៏ដូចជានិស្សិតឱ្យចូលរួម ក្នុងសន្និសិទវិទ្យាសាស្រ្តនានា ក៏ដូចជាការបោះពុម្ពលទ្ធផលការងារស្រាវជ្រាវក្នុងទស្សនាវដ្តី វិទ្យាសាស្រ្តជាតិ និង អន្តរជាតិ
  • បន្តកែលម្អគុណភាព ស្រាវជ្រាវ សារណាបទ​បញ្ចប់ការសិក្សារបស់និស្សិត ដោយជំរុញការងារស្រាវជ្រាវទៅដល់មូលដ្ឋានផ្ទាល់ ឱ្យស្របទៅតាម​តម្រូវការជាក់ស្តែង និង ដំណោះស្រាយទៅលើបញ្ហារបស់ប្រជាកសិករ ប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត គុណភាព និង​ប្រសិទ្ធភាពខ្ពស់

 

 

៣. ៣ ការទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ

 

កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ របស់មហាវិទ្យាល័យ គឺផ្តោតសំខាន់លើការងារស្រាវជ្រាវ ក៏ដូចជាការអភិវឌ្ឍ ដោយការកៀរគរធនធានពីបណ្តាដៃsគូអភិវឌ្ឍន៏ទាំងក្នុង និងក្រៅតំបន់ ស្របតាមច្បាប់របស់រាជរដ្ឋាភិបាល និងអន្តរជាតិ ដែលប្រការនេះ នឹងអាច​ជួយ​ដល់​ការលើកកម្ពស់វិស័យអប់រំ​ និងការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ ។

ទិសដៅមួយចំនួននឹងត្រូវអនុវត្តន៍រួមមាន៖

  • បន្តពង្រីកទំនាក់ទំនង  និងបណ្តាញ (ផ្លាស់ប្តូរនិស្សិត សាស្រ្តាចារ្យ​ បុគ្គលិក) ជាមួយគ្រឹះស្ថាន​អប់រំ និងអង្គការអន្តរជាតិនានា
  • បន្តពង្រីកទំនាក់ទំនង ជាមួយអង្គការជាតិ និងអន្តរជាតិលើការងារបង្កើត និងអនុវត្តន៍គម្រោងស្រាវជ្រាវ និង អភិវឌ្ឍន៍ផ្សេងៗ
  • បន្ត និងបង្កើតនូវកម្មវិធីសិក្សាជាភាសាអង់គ្លេស ដោយទទួលយកនូវកម្មវិធីបង្រៀនថ្មី ស្របតាម​និយាមស្តង់ដាអន្តរជាតិ ដើម្បីផ្តល់លទ្ធភាពក្នុងការផ្លាស់ប្តូរនិស្សិតឱ្យ កាន់តែខ្ពស់ និង មានសមត្ថភាពខ្ពស់ក្នុងការបំរើការងារនៅអង្គការអន្តរជាតិនានា
  • លើកទឹកចិត្ត និង ជម្រុញការផ្សព្វផ្សាយព័ត៌មានស្តីពីកម្មវិធីផ្លាស់ប្តូរនិស្សិត ​និងបុគ្គលិកទាំងក្នុង និងក្រៅប្រទេស